នៅរសៀលថ្ងៃច័ន្ទទី១៨ ខែធ្នូ ឆ្នាំ​២០១៧   ​ ​ នាយិកាប្រតិបត្ត អមដំណើរដោយ​លោកទីប្រឹក្សា​បាន​ដឹកនាំ​​ សមាជិក​ សមាជិការ​ នៃអង្គការ​ យុវជនខ្មែរ និង​ការអភិវឌ្ឍសង្គម (KYSD)​ ចូលជួបសំណេះ​សំណាល​សម្ដែងការគួូរសម​ ជាមួយ​ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ នៅវិមានក្រសួងបរិស្ថាន។​ នៅក្នុងកិច្ច​សំណេះសំណាលនេះ​ ឯកឧត្ដម​ សាយ សំអាល់ បានបង្ហាញ​ពីការពេញចិត្ និង​សារទរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់ ក្រុមការងារអង្គការ KYSD ដែលបានសម្រេច​សមិទ្ធិផល​យ៉ាងច្រើន ជាពិសេសរួមចំណែក​អភិវឌ្ឍ​សមត្ថភាពយុវជន និង ​សហគមន៍​ និងមានកិច្ចសហការ​ល្អជាមួយ​រដ្ឋាភិបាលបានល្អ​​ ក្នុងកិច្ចការអភិវឌ្ឍប្រទេស​ជាតិឱ្យមាន​ភាពរីក​ចម្រើន​។​

លើស​ពីនេះ​ឯកឧត្ដម​បានផ្ដល់​អនុសាសន៍​ និង​ចែករំលែក​ទស្សនៈទានល្អៗ ​ពីបណ្ដាប្រទេសអាស៊ាន និងប៉ែក​អុឺរុប ហើយឯកឧត្ដមបានបន្តចែក​រំលែកអំពីយុទ្ធសាស្ត្រមួយចំនួនក្នុង​ការអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយនិរន្តភាព។​​ ឯកឧត្ដម​ បានបង្ហាញ​ពីការ​ពង្រឹងកិច្ចសហការ និង​ទំនាក់ទំនងល្អ ជាមួយអង្គការ KYSD និង​បន្តធ្វើជា​ដៃគូរសហការ​ក្នុងកិច្ចការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន និង​ការពារធនធានធម្មជាតិ។  ឯកឧត្ដមបានមានប្រសាសថា​ក្រសួង​បរិស្ថាន​បានរៀប​ចំយុទ្ធសាស្ត្រ​មួយចំនួន​ក្នុងការ​អភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេសពង្រឹងផ្នែកសេដ្ឋកិច្ចថ្នាក់មូលដ្ឋាន ជួយឱ្យ​ប្រជា​ពលរដ្ឋមាន​មុខ​របរ​ ក្នុងនោះសកម្មភាព​​មួយដែលក្រសួងបរិស្ថាននឹង​គ្រោងធ្វើ គឺចែកជូន ពូជ សត្វចិញ្ចឹម ដូចជា មាន់ ជ្រូក ជាដើមទៅ ដល់ប្រជាពលរដ្ឋ ។​

នៅក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់កិត្តយស់ ជូនលិខិត​ទទូលស្គាល់​លោកស្រី ស៊ុំ កុល្យាណ​ ជាស្ថាបនិកវ័យក្មេងទី២ បន្ទាប់ពីលោក ឈួន បូរិត របស់អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម(KYSD) ផងដែរ បន្ទាប់ពីកិច្ច​ខិតខំប្រឹងប្រែង​អស់រយៈ​ពេលជាង១០ឆ្នាំ​ដែល​លោកស្រី​បាន​លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និង​បន្សល់ទុកស្នាដៃដ៏ល្អជាច្រើន ក្នុងកិច្ចការងារសង្គមកន្លងមក។

តំណាងឱ្យ​អង្គការ KYSD លោកស្រី នាយិកាប្រតិបត្ត​ ស៊ុំ កល្យាណបានជូនពរដល់ឯកឧត្ដមរដ្ឋមន្ត្រី ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល​ ពុទ្ធសករាជ​២៥៦១ ឈានចូល​២៥៦២ និង​គ្រឹស្តសករាជ្យ ២០១៧ ឈានចូល ២០១៨ សូមជូនពរ ឯកឧត្ដម និង​សមាជិកសមាជិការ ក្រសួងបរិស្ថាន​ សូមមាន​សុខភាពល្អបរិបូរណ៌ កាយពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវ័យ ដើម្បីចូល​រួមសម្រេច​ឱ្យ​បាន​នូវយុទ្ធសាស្ត្រ​ចុតុកោណរបស់រាជរដ្ឋភិបាល​កម្ពុជា បន្តការ​ដឹកនាំ​នាវាយុវជន​ និង​កិច្ចការពារបរិស្ថាន​ កម្ពុជា​ឱ្យ​មាននិរន្តភាព​និង​រីកចម្រើន​ទៅមុខជាលំដាប់​រួមនឹង​ពុទ្ធពរ​ទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


​ ​