កិច្ចប្រជុំឆ្លុះបញ្ចាំង និងតាមដានផែនការសកម្មភាពរបស់សហគមន៍ព្រៃឈើខេត្តក្រចេះ

លោក ពុធ កុលកា មន្ត្រីគម្រោងការលើកកម្ពស់ការចូលរួមរបស់យុវជន និងអភិបាលកិច្ចល្អមូលដ្ឋាន នៃអង្គការយុវជនខ្មែរ និងអភិវឌ្ឍន៍សង្គម (KYSD) និងជនបង្គោលសហគមន៍ទាំង៣ឃុំ រួមមាន៖ លោក ស៊ុំ សារ៉ាយ, លោកស្រី កេត សុខឃាង, និងលោកស្រី ប៉ិ

សាអ៊ីម បានសម្របសម្រួល និងរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំង និងតាមដាន ផែនការសកម្មភាព របស់ សហគមន៍ ព្រៃឈើមកពីឃុំចង្រ្កង់ ឃុំថ្មី និងឃុំកំពង់ដំរី ស្តីពី “លទ្ធផលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ផែនការបន្ត សំណូមពរ និងអនុសាសន៍” ក្រោមជំនួយរបស់អង្គការ Forum Syd ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការរបស់ក្លឹបយុវជនឃុំចង្រ្កង់ ដែលស្ថិតនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានអ្នកចូលរួមសរុប ១៥ នាក់ ស្រី ០៣ នាក់ ដែលមានសមាសភាពដូចជា៖ ក្រុមប្រឹក្សាឃុំ សហគមន៍ព្រៃឈើ ក្លឹបយុវជន និងជនបង្គោលសហគមន៍ដែលមកពីឃុំចង្រ្កង់ ឃុំថ្មី និងឃុំកំពង់ដំរី ។

បើទោះបីជាកម្មវិធីនេះបានដំណើរការតែរយៈពេល ២ ថ្ងៃ ប៉ុន្តែក្រោមការសហការពីអាជ្ញាធរមូលដ្ឋានឃុំចង្រ្កង់ និង ការសហការ រៀបចំពីជនបង្គោលសហគមន៍ និងការខិតខំផ្ទាល់ពីបុគ្គលិកកម្មវិធី នៃអង្គការ KYSD យើងទទួល បានលទ្ធផល មួយចំនួនដូចការគ្រោងទុកខ្លះ លើសពីការរំពឹងទុកខ្លះ និងកង្វះពីការរំពឹងទុកខ្លះ តែលទ្ធផលទាំងនោះពិតជាបាន ឆ្លើយតប តាមតម្រូវការជាក់ស្តែងរបស់សហគមន៍ និងបានបម្រើផលប្រយោជន៍ជាសាធារណៈដល់សហគមន៍ និង ប្រជាពលរដ្ឋ ជាពិសេសយុវជន ។ លទ្ធផលទាំងអស់នោះរួមមាន៖ សហគមន៍ យុវជន និងជនបង្គោលមានឱកាសបាន ធ្វើការឆ្លុះបញ្ចាំង តាមបែបបច្ចេកទេសទៅលើលទ្ធផលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ផែនការបន្ត សំណូមពរ និងអនុសាសន៍របស់សហគមន៍របស់ខ្លួន ដើម្បីធានាថាការចូលរួមរបស់ពួក គេពិតជាមាន ប្រយោជន៍ដល់សហគមន៍ និងឆ្លើយតបចំពោះតម្រូវការទាំងនោះ ហើយជាពិសេសការឆ្លុះបញ្ចាំងនេះ បានជម្រុញ ឲ្យសហគមន៍បានមើលឃើញអ្វីដែលខ្លួនត្រូវធ្វើ និងអ្វីដែលខ្លួនមិនត្រូវធ្វើ ចំពោះការអនុវត្តន៍ បេសកកម្មរក្សា ធនធានធម្មជាតិផង និងការគ្រប់គ្រងអង្គភាពសហគមន៍ព្រៃឈើឲ្យមាននិរន្តរភាពផង ព្រោះមានតែការការឆ្លុះបញ្ចាំងទេ ទើបធ្វើឲ្យសហគមន៍មើលឃើញអំពីបច្ចុប្បន្នភាពខ្លួន និងបង្កប់នូវសំណួរថាៈ តើខ្លួនដើរដល់ទីណា? តើខ្លួនត្រូវធ្វើអ្វីខ្លះបន្ត? និងមានសំណួរសួរខ្លួនឯងជាច្រើនទៀត ដើម្បីធ្វើឲ្យប្រាកដអំពីសក្តានុពលភាពរបស់សហគមន៍ព្រៃឈើ ។ ម្យ៉ាងទៀត ការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ គឺជាការងារចម្បងរបស់សហគមន៍ព្រៃឈើ ប៉ុន្តែបើពឹងផ្អែក លើតែធនធាន របស់សហគមន៍ព្រៃឈើពិតជាមិនអាចទៅរួចបានឡើយ ដូចនេះតម្រូវឲ្យសហគមន៍ និងយុវជនត្រូវ  តែជាដៃគូរយ៉ាង ជិតស្និទ្ធិជាមួយគ្នាដើម្បីធ្វើការងាររួមគ្នាក្នុងការគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្តរភាព ហើយអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធគឺជាស្ថាប័នគាំទ្រ ស្ថាប័នសហការ និងស្ថាប័នជំនួយបច្ចេកទេស និងធនធាននានា ដើម្បីជម្រុញ ឲ្យការងារល្បាតព្រៃ ឬ សកម្មភាពគ្រប់គ្រងធនធានធម្មជាតិទទួលបានលទ្ធផលជាផ្លែផ្កា និងធានា អំពីនិរន្តរភាពរបស់វា ។ យ៉ាងណាមិញ ការឆ្លុះបញ្ចាំងនេះ គឺជាសកម្មភាព មួយដែលមិន អាចខ្វះ បានគ្រប់ស្ថាប័នទាំងអស់ ដើម្បីជាផែនទី មួយក្នុងការសម្រេចនូវចក្ខុវិស័យ និងបេសកកម្មដែលអង្គភាព ឬ ស្ថាប័នចង់បាន និងធានានិរន្តរភាពសម្រាប់ការអភិវឌ្ឍន៍ ប្រកបភាពសក្តិសិទ្ធិ ។កិច្ចប្រជុំឆ្លុះបញ្ចាំងនេះ បានដំណើរការទៅដោយរលូន ក្រោមលទ្ធផលជាផ្លែផ្កា ហើយអ្នកចូល រួមទាំង អស់ក្នុងកិច្ចប្រជុំនេះទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងការរៀនសូត្រពីគ្នាទៅវិញទៅមកប្រកបដោយសាមគ្គីភាព មិត្តភាព យោគយល់គ្នា អធ្យាស្រ័យគ្នា និងភាពស្និទ្ធិស្នាលក្នុងឲ្យសហគមន៍មូលដ្ឋានរីកចម្រើនទាំងអស់គ្នា ។ ជាពិសេស កិច្ចប្រជុំ ឆ្លុះបញ្ចាំងនេះមិនអាចបញ្ចប់តែត្រឹមអន្តរកាលប៉ុណ្ណឹងនោះទេ គឺ តម្រូវឲ្យកិច្ចប្រជុំបែបនេះ យ៉ាងហោច១ត្រីមាសម្តង ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងអំពីបច្ចុប្បន្នភាពរបស់សហគមន៍ និងភាពជាដៃគូរជាមូយស្ថាប័នពាក់ព័ន្ធ ៕