អំពី KYSD

ប្រវត្តិ KYSD

អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម ដែលហៅកាត់ថា​ (KYSD) គឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលមិនស្វែងរកប្រាក់ចំណេញ និងមិនមាននិន្នាការគណបក្សនយោបាយណាមួយឡើយ។ អង្គការនេះ បានបង្កើតឡើងនៅខែមករា ឆ្នាំ២០០០ និងបានចុះបញ្ចីក្នុងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៣។ KYSD គឺជាអង្គការយុវជនមួយ ដែលសកម្ម និងមានសក្តានុពល ដោយធ្វើការជាបណ្តាញ និងមានទំនាក់ទំនង ល្អជាមួយអង្គការក្នុង និងក្រៅស្រុក និងមានកិច្ចសហការជាមួយប្រមុខ រាជរដ្ឋាភិបាលកម្ពុជា។ រយៈ​ពេល១៥ឆ្នាំ អង្គការ KYSD បានកំពុងធ្វើការងារយ៉ាងជិតស្និតជាមួយ យុវជន និងសហគមន៍មូលដ្ឋាន ក្នុងបេសកកម្មអភិវឌ្ឍយុវជន និងពង្រឹងសិទ្ធិអំណាចយុវជន និងសហគមន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ចាប់តាំងពីឆ្នាំ២០០០ អង្គការ KYSD បានធ្វើការផ្តោតសំខាន់លើការគៀងគរយុវជនកម្ពុជា ឱ្យក្លាយជាកម្លាំងមួយ នៃការការពារធនធានធម្មជាតិ សិទ្ធិរស់រានមានជីវិត លើកកំពស់ការគោរព សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អមូល ដ្ឋាននៅក្នុងសហគមន៍។ បច្ចុប្បន្ននេះ អង្គការ KYSD ជាអង្គការ យុវជនមួយ ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។ KYSD បានចុះគៀងគរ និងចងក្រង   យុវជនទាំងនៅទីក្រុងភ្នំពេញ និងនៅតាមតំបន់ដាច់ស្រយាលនានា នៃខេត្តនីមួយៗ ដែលមានរាយឈ្មោះដូចជា​ ក្រុមសភាយុវជនបៃតង ក្លឹបយុវជន បណ្តាញយុវជន និងសហគមន៍ និងគណៈកម្មាការលើកកម្ពស់អភិបាលកិច្ចល្អមូលដ្ឋាន ដើម្បីចូលរួមក្នុងការការពារបរិស្ថាន និងសិទ្ធិផងដែរ។

KYSD បានកំពុងតែធ្វើការជាមួយអង្គការយុវជនជាច្រើនក្នុងប្រទេសកម្ពុជា និងជាសមាជិក ដ៏សកម្មនៃក្រុមប្រឹក្សាយុវជនវ័យក្មេង​អង្គការសហប្រជាជាតិ (Youth Advisory Panel) វេទិការអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) ក្រុមសិក្សា និងទំនាក់ទំនងស្នូល នៃក្រសួងមហាផ្ទៃ (LCFG) និងបណ្តាញបំរែបំរួលអាកាសធាតុកម្ពុជា (CCCN) ។